កន្លងមកដោយធ្លាប់បានទទួលវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយពីការអភិរក្សអណ្តើកសមុទ្រកម្ពុជាយើង នៅថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥
សហគមន៍នេសាទភូមិកោះរ៉ុងសន្លឹមបានទទួលអណ្ដើកសមុទ្រ ១ ក្បាល មានទំងន់ ៧,៥គ.ក្រ ពីប្រជានេសាទដែលជាម្ចាស់ទូក ឈ្មោះ វង្ស សំអឿន ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងកម្មករ ឈ្មោះ អុក ហាន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិឃុំខាងលើដែរ បានយកអណ្តើកសមុទ្រចំនួន ១ក្បាល ជាប្រភេទល្មិច បានជាប់ឧបករណ៍នេសាទមងត្រីកាម៉ុងដោយចៃដន្យ មកប្រគល់ជូនគណកម្មការសហគមន៍នេសាទភូមិកោះរ៉ុងសន្លឹម ដើម្បីលែងចូលធម្មជាតិវិញ។ ដោយសភាពអណ្ដើកសមុទ្រនោះទុកនៅលើទូកយូរម៉ោងពេក ហើយខ្លាចបង្កឱ្យមានគ្រោះថ្នាក់សត្វដល់ស្លាប់ ទើបក្រុមការងារបានលែងចូលទៅក្នុងសមុទ្រធម្មជាតិវិញ ដោយមានអ្នកចូលរួមពីសហគមន៍នេសាទ អ្នកនេសាទ និងអាជ្ញាធរមូលដ្ឋាន។