ចេញផ្សាយ ២៩ ឧសភា ២០២៤
34
ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមដាំកូនក្ងោកចំនួន ៨៨៤ដើម ធ្វើការដាំដុះអមសងខាងផ្លូវជាតិលេខ៤ ចាប់ពីខាងមុខផ្លូវល្បឿនលឿនមកដល់រោងចក្រក្រោន ដែលសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាព ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ អ.ម.ត និងសិក្សានុសិស្ស មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន បានអញ្ជើញចុះសួរ សុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ ដែលជាកងពលសម្ព័ន្ធមេត្រី ភាពជាមួយរដ្ឋបាលខេត្តព្រះសីហនុ។ ដោយមើលឃើញដើមក្ងោកមានផ្កា និងផ្លែទុំជាប់ដើម និងជ្រុះនៅដី ឯកឧត្តម គួច ចំរើន បានចាត់ តាំងមន្ទីរកសិកម្មខេត្ត បេះផ្លែដែលទុំ និងរើសយកមកបណ្តុះ ដើម្បីដាំតាមដងផ្លូវជាតិលេខ៤ ក្នុងគោលបំណងបង្កើតសោភ័ណ្ឌភាពតាមដងផ្លូវ និងជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានរវាងរដ្ឋបាលខេត្តព្រះសីហនុ និងកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។