ចេញផ្សាយ ០៥ មីនា ២០១៩
92
ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩
មន្ត្រីរដ្ឋបាលព្រៃឈើចំនួន ០៣នាក់ បានចុះល្បាតត្រួតពិនិត្យមើលសកម្មភាពបទល្មើសនៅក្នុងស្ថានីយផ្សព្វផ្សាយស្តាព្រៃឈើឡើងវិញអូរថ្ម ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាមការពិនិត្យជាក់ស្តែងឃើញថាមានសកម្មភាពយ៉ាងអនាធិបតេយ្យ ៖
១-សង់ជម្រកស្នាក់នៅសម្រាប់កម្មករ បោះបង្គោលរបងថ្ម ទំហំ ២០cmx២០cmកំពស់ ២m ចម្ងាយប្រមាណជា៣០០m តាមការសាកសួរកម្មករ គាត់មិនបានប្រាប់ថាម្ចាស់ជាអ្នកណានោះទេ ដោយគាត់គ្រាន់តែជាអ្នកស៊ីឈ្នួល ការបោះបង្គោលនេះ ទើបតែបាន4ថ្ងៃប៉ុណ្ណោះ។
២-សង់ខ្ទមអនាធិបតេយ្យ ថ្មីៗចំនួន៣ និងគ្រោងខ្ទមចំនួន៧ខ្ទម ព្រមទាំងមានបោះបង្គោលរបងឈើហ៊ុមព័ទ្ធកាន់កាប់ដី នៅក្នុងបរិវេណដែលរដ្ឋបានឈូសឆាយសម្រាប់ដាំស្តាព្រៃឈើរបស់រដ្ឋ។
៣-មានសកម្មភាពលួចដុតព្រៃជាច្រើនកន្លែង។
សូមជម្រាបជូនផងដែរថា នៅពេលដែលក្រុមការងារចុះ ល្បាតត្រួតពិនិត្យសកម្មភាល្មើសខាងលើនេះ គឺមានប្រជាពលរដ្ឋប្រមាណជា៥០នាក់ កំពុងធ្វើសកម្មភាពបោះបង្គោលព្រំ និងវាស់ម៉ែត្រចែកជាឡូត៍ៗរួចហើយ មួយវិញទៀតក្រុមនេះបានប្រើប្រាស់មធ្យោបាយម៉ូតូ និងរថយន្តផងដែរ ដោយគ្មានខ្លាចញញើតកោតក្រែង សមត្ថកិច្ចឡើយ។ យ៉ាងណាមិញទៀតសោត ជាពិសេសនៅទីស្នាក់ការប្រចាំការទី១អូរថ្ម ក្រុមអនាធិបតេយ្យចូលស្នាក់នៅ ក្នុងទីស្នាក់ការដោយគ្មានញញើត ប្រមាណជាង ១០នាក់។