ចេញផ្សាយ ១០ ធ្នូ ២០២៣
40
នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីបានព័ត៌មាន ថាមាន ផ្សោតស្លាប់នៅចំណុចឆ្នេរអូរឈើទាល លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ខៀវ ថា មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះទៅដល់ទីតាំង ដោយពិនិត្យឃើញថា÷
១-ត្រីផ្សោតនេះស្លាប់ដោយសារជាប់មងប្រជានេសាទរយៈពេលយូរ។ តាមលក្ខណៈជីវសាស្ត្រ ត្រីផ្សោតប្រភេទនេះ គឺជាពពួកថនិកសត្វសមុទ្រ ដែលត្រូវការចាំបាច់បំផុតងើបមកលើផ្ទៃទឹក ដើម្បីដកដង្ហើម។ ពេលណាជាប់អ្វីមួយដោយចៃដន់ វាងាយនឹងឈ្លក់ទឹកស្លាប់ នៅពេលវាមិនអាចងើបមកដកដង្ហើមនៅលើផ្ទៃទឹកបាន។
២-ត្រីផ្សោតនេះជាប្រភេទត្រីផ្សោតឃ្លៀច ឈ្មោល មានព្រុយខ្នង ដែលមានឈ្មោះវិទ្យាសាស្ត្រ (Indo - Pacific humpback dolphin) មានបណ្តោយប្រវែង២,២៤ម ទទឹងប្រវែង ០,៤៥ម មានទម្ងន់ប្រមាណ ៨០គីឡូក្រាម។
៣-បន្ទាប់ពីពិនិត្យរួចក្រុមការងារបានដឹកយកទៅកប់នៅចំណុច(១០.៥៨៩១៦៧០,១០៣.៥៥០១១៧០)ក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។
***បញ្ជាក់ផងដែរថាត្រីផ្សោតប្រភេទនេះត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN និងស្ថិតនៅក្នុងតារាងឧបសម្ព័ន្ធទី១ អនុសញ្ញា CITES វារស់នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា គេប្រទះឃើញផ្សោតប្រភេទនេះនៅតាមទីតាំងទឹករាក់នៃឆកកំពង់សោមលាតសន្ធឹងពីទិសខាងត្បូងឈៀងខាងលិច បន្តរហូតដល់កោះរ៉ុង និងកោះរ៉ុងសន្លឹម និងរស់នៅឆកវាលរេញ។